ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាពសិស្សានុសិស្សមានឱកាសច្រើនណាស់ទាំងការសិក្សា និងការងារស្របពេលប្រទេសជាតិមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះបើគ្មានស្ថិរភាព សន្តិភាព យើងក៏គ្មានឱកាសអ្វីទាំងអស់ហើយប្រជាជនក៏មិនអាចរស់នៅសុសាន្តនោះទេ។
ថ្លែងក្នុងពិធីពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា ២០១៦-២០១៧ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយនៅក្រុងសៀមរាបនៅ ថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ការសម្រេចចិត្តហើយកុំបោះបង់ព្រោះការសម្រេចចិត្តរៀនជំនាញណាក៏ល្អដែរ ឱ្យតែការសម្រេចចិត្តនោះច្បាស់លាស់ហើយខិតខំតស៊ូឱ្យសម្រេចបានជោគជ័យដើម្បីចាប់យកឱកាសការងារប្រកបដោយភាពជឿជាក់លើខ្លួនឯង។
ឯកឧត្តម សូមចូលរួមអបអរសាទរ និងសូមសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា។សិស្សានុសិស្សជំនាន់នេះមានការវិវឌ្ឍល្អទាំងផ្នែកកាយសម្បទា និងសតិបញ្ញាបានល្អប្រសើរ។ សូមពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជ័យលាភីនៅថ្ងៃនេះ។
សមិទ្ធិផលដែលទទួលបានថ្ងៃនេះគឺជាសមិទ្ធិផលមួយជីវិតព្រោះនេះជាការរួមគ្នាបង្កើតសមិទ្ធិផលសម្រាប់ប្រទេសជាតិ ចូលរួមបង្កើតឱកាស បង្កើតសមត្ថភាព និងសក្តានុពលរបស់សិស្សានុសិស្សដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងទទួលខុសត្រូវលើខ្លួនឯងនិងគ្រួសារ៕